ក្រសួងការបរទេសហ្វីលីពីនមានបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា

0
23614

ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការបច្ចេកទេសនៃក្រសួងការបរទេសប្រទេសហ្វីលីពីន (Technical Cooperation Council of The Philippines-TCCP) បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរានាពេលអនាគត។

ក្នុងកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ ឯកអគ្គរដ្ឋទូត ហ្វីលីពីន និងជាប្រធានTCCP ឯកឧត្តម Jose Maria Carino បញ្ជាក់ថា TCCP គឺជាស្ថាប័នសហប្រតិបត្តិការអន្តរជាតិរបស់ហ្វីលីពីន ដែលតែងបានបង្កើនសកម្មភាពសហប្រតិបត្តិអន្តរជាតិជាច្រើនវិស័យផ្សេងៗ ហើយដោយឡែកសម្រាប់អាជ្ញាធរជាតិអប្សរា TCCP ចាប់អារម្មណ៍លើការងារបណ្តុះបណ្តាលជំនាញដល់អ្នកពាក់ព័ន្ធការងារអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ដោយលោកផ្តោតសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្ស និងការលើកកម្ពស់សេដ្ឋកិច្ចសង្គមតាមរយ:វិស័យទេសចរណ៍និងកសិកម្មក្នុងតំបន់អង្គរ។

លោក Carino បន្ថែមថា ការបណ្តុះបណ្តាលផ្នែកភាសា និងជំនាញច្បាស់លាស់ដល់ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ក៏ជាកត្តាគន្លឹះក្នុងការផ្សាយចេញនូវវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ខ្មែរ ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើន។ រីឯការបង្កើតគំនិតច្នៃប្រឌិតប្លែកផលិតផលទេសចរណ៍ទាក់ទងដំណាំ និងធម្មជាតិដូចជាសួនមេអំបៅ សួនចឹញ្ចឹមឃ្មុំ សួនដំណាំហូបផ្លែផ្សេងៗក៏ជាចំណុចទាក់ទាញភ្ញៀវទេសចរឲ្យស្នាក់ខេត្តសៀមរាបនៅកាន់តែយូរដែរ។

ឯកឧត្តម ហង់ ពៅ អគ្គនាយករង និងជាតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា អាជ្ញាធរជាតិអប្សរារីករាយនិងស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រទេសហ្វីលីពីន ដែលមានគម្រោងសហការជាមួយអាជ្ញាធរជាតិអប្សរា។ ឯកឧត្តមបញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្សគឺជាការងារអាទិភាពមួយដែលអាជ្ញាធរជាតិអប្សរាកំពុងយកចិត្តទុកដាក់ ជាពិសេស គឺការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់មន្ត្រីបុគ្គលិកបច្ចេកទេស ក៏ដូចជាប្រជាពលរដ្ឋក្នុងតំបន់អង្គរ ដែលអាចជួយឲ្យគាត់ទាញយកនូវចំណូលដោយផ្ទាល់ពីវិស័យទេសចរណ៍។

អាជ្ញាធរជាតិអប្សរារង់ចាំស្វាគមន៍អ្នកជំនាញមកពីប្រទេសហ្វីលីពីនដើម្បីបន្តបណ្តុះបណ្តាលមន្ត្រីបុគ្គលិកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរាលើជំនាញផ្សេងៗ ពាក់ព័ន្ធនឹងការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់រមណីយដ្ឋានអង្គរ៕

Facebook Comments
Loading...